នាយរង​ប៉ុស្តិ៍​ច្រករបៀងភូមិ​ឡុំ លោក​ស៊ី ក​យ រងការចោទលួច​ដឹកឈើ​ក្រហម​​ឆ្លង​ដែនទៅវៀតណាម

បញ្ចូលអត្ថបទ ៖ អប្សរា

ថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ១៤:៣៧

កោះសន្តិភាព

រតនគិរី ៖ លោក​ស៊ី ក​យ នាយ​រង​ប៉ុស្តិ៍​ច្រករបៀង​ភូមិ​ឡុំ និង​គួរ​កនបានឃុបឃិត​ ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​វៀតណាម លួច​ដឹកឈើ​ក្រហម​ចំនួន​៥០​កំណាត់​ នៅ​ដី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចំការ​កៅស៊ូ​៧៤ ត្រង់​ចំណុច​K3 កាលពី​ថ្ងៃ​ទី​៣០ ខែតុលា និង​ថ្ងៃ​ទី​០១ ខែវិច្ឆិការ ២០១៤ ហើយ​នេះ​ក៏​មិនមែន​លើក​ទី​០១​ដែរ​ ។


បើ​យោង​តាម​សេចក្តីរាយការណ៍​ ពី​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ មួយ​រូប​បាន​ឲ្យ​ដឹងទៀតថា ​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិការ ឆ្នាំ​២០១៤ នេះ​នៅ​ត្រង់​ចំណុច​កើតហេតុ​កម្លាំង​រាជ​អាវុធហត្ថ​ ស្រុក​អូ​រយ៉ា​ដាវ​ បានសុំ​សហ​ការ ចាប់​ឈើក្រហម​៥០​កំណាត់​នោះ​ដែរ ប៉ុន្តែ​ត្រូវ​លោក ស៊ី ក​យ នាយ​រង​ប៉ុស្តិ៍​ច្រករបៀង​ មាន​ប្រសាសន៍​ថា កម្លាំង​របស់​លោក និង​ចាប់​ឈើ​នោះ​ហើយ​ ព្រមទាំង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ថ្ងៃ​ដដែលនោះ ឈើក្រហម​ប្រភេទ​សុ​ក្រំ ដែល​លោក​ស៊ី ក​យ និង​គូរ​កន​ ជួញដូរ​តាម​ច្រករបៀង​ភូមិ​ឡុំ​ ត្រង់​ចំណុច​K3 ដែល​ខ្លួន​កាន់កាប់​នោះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​កងកម្លាំង​ការពារ​ព្រំដែន​ប្រទេស​វៀតណាម​ថា ​ខ្លួន​ជា​អ្នក​ចាប់​ឈើ​ខ្មែរ​ទៅ​វិញ​ហើយ ខណៈនោះ​ដែរ​តាម​ព្រំដែន​ប្រទេស​វៀតណាម​ គ្មាន​ព្រៃឈើ និង​ឈើ​ប្រភេទ​នេះ​ទាល់តែ​សោះ​ ។ ហើយ​ឈើក្រហម​ប្រភេទ​សុ​ក្រំ​ ចំនួន​៥០​កំណាត់ ​ដែល​មានមុខ​កាត់​ ៣០​សង់ទី ម៉ែត្រ​ទៅ ​៦០​សង់ទីម៉ែត្រ​ឃ្លុំ មាន​ប្រវែង​២,២០​ម៉ែត្រ បើ​គិត​ជា​ម៉ែត្រគូប​ប្រហែល​១០​ម៉ែត្រគូប ត្រូវ​បាន​គេ​កាប់​និង​ដឹក​ជញ្ជូន​ចេញពី​តំបន់​អភិរក្ស​ប្រាសាទ​តាក់​ណាំង ក្នុង​ទឹកដី​ឃុំ​យ៉ាង​ទុង ស្រុក​អូ​រយ៉ា​ដាវ​ ។ នៅ​ក្នុង​ជំនួញ​ឈើក្រហម ប្រភេទ​សុ​ក្រំ​នេះ​ដែរ លោក​វរៈសេនីយ៍រ​ចំ ជីប ប្រធាន​ប៉ុស្តិ៍​ភូមិ​ឡុំ មាន​ប្រសាសន៍​ថា ​លោក​ជាប់រវល់​ចូលរួម​បុណ្យ​មេបញ្ជាការ​ព្រំដែន​គោក​ ។

ទាក់ទិន ​ និង​ការ​ចោទប្រកាន់​ការ​ជួញដូរ​ឈើប្រណិត​កនេះដែរ លោក ស៊ី ក​យ និង​គូរ​កន​មិន​អាច​សុំ​ការ​ពន្យល់​ណាមួយ​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​០៣ ខែ​វិ​ច្ឆ​ការ​នេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​តែង​ដាស់តឿន​អោយ​ មន្ត្រី និង​កងកម្លាំង​ដែល​មាន​កាតព្វកិច្ច ​ការពារ​ខ្សែបន្ទាត់​ព្រំដែន ​ជួយ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​មន្ត្រី និង​កងកម្លាំង​ខិល​ខំ​មួយ​ចំនួន​បាន​ប្រព្រឹត្តិ​ជួញដូរ​បទល្មើស​ដើម្បី​ លាភសក្ការៈផ្ទាល់ខ្លួន ​៕

ដកស្រង់ចេញពី website: http://kohsantepheapdaily.com.kh/article/108086.html

avatar